Home ចំនេះដឹង ២៣​ តុលា ១៩៩១ ជាសន្ធិសញ្ញាអ្វី? ធ្វើឡើងប៉ុន្មានភាគី?

២៣​ តុលា ១៩៩១ ជាសន្ធិសញ្ញាអ្វី? ធ្វើឡើងប៉ុន្មានភាគី?

191
0
ពេញចិត្ត
Contact us, for Ads Here!

​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១

កើតចេញ​ពី​ព្រះរាជ​បូជនីយកិច្ច​របស់​សម្ដេច​ឱ សម្ដេច​តា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ និង​សម​មិត្ត ឬ​ឯកឧត្តម ហ៊ុន សែន (​កាលនោះ សម្តេចមិនទាន់បានទទួលគោរមងារ នៅឡើយ​ទេ​) រួម​ទាំង​ភាគី​ខ្មែរ​ដទៃទៀត ដោយ​មាន​ការឧបត្ថម្ភ គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ពិសេស​ប្រទេស​បារាំង និង​ឥណ្ឌូណេស៊ី ដែល​ជា​សហប្រធាន​នៃ​សន្និសីទ ។ កិច្ចព្រមព្រៀង​នោះ បាន​នាំ​ឲ្យ​កម្ពុជា រៀបចំ​ការបោះឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៩៣ ជា​ថ្ងៃ​ដែល​បាន​នាំមក នូវ​លទ្ធិប្រជាធិបតេយ្យ សន្តិភាព ការផ្សះផ្សា បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ អធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព បូរណភាព​ទឹកដី និង​សេដ្ឋកិច្ច ទីផ្សារសេរី​នៅ​កម្ពុជា ។

​កិច្ចព្រមព្រៀង​សន្តិភាព​ខាងលើនេះ ត្រូវបាន​ចុះហត្ថលេខា ដោយ​មាន​ការចូលរួម​ពី​អគ្គលេខាធិការ នៃ​អង្គការ​សហប្រជាជាតិ ប្រមុខ​ការទូត​នៃ​ប្រទេស​ចំនួន ១៨ និង​ភាគី​ខ្មែរ​ទាំង ៤​ភាគី​រួមមាន​៖ ១- ភាគី​សីហនុ​និយម ឬ​ហ្វ៊ុនស៊ិនប៉ិច​, ២- ភាគី​អ្នក​ជាតិនិយម រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ របស់​លោកតា សឺ​ន សាន​, ៣- ភាគី​ខ្មែរ​ក្រហម​របស់ ប៉ុល ពត និង៤- ភាគី​រដ្ឋ​កម្ពុជា របស់​សម​មិត្ត ឬ​ឯកឧត្តម ហ៊ុន សែន ។​

​ប្រទេស​ជា​ហត្ថលេខី​ចំនួន ១៨ រួមមាន​៖ ប្រទេស​ជា​សមាជិក អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សា​សន្តិសុខ អ​.​ស​.​ប​. ( ៥ ប្រទេស ) គឺ អាមេរិក​, អង់គ្លេស​, បារាំង ( សហប្រធាន​សន្និសីទ ), ចិន និង​សហភាពសូវៀត រួម​ទាំង​ប្រទេស នៅ​អាស៊ី​អាគ្នេយ៍ (៨ ប្រទេស) គឺ​ឥណ្ឌូណេស៊ី ( សហប្រធាន​សន្និសីទ ), វៀតណាម​, ឡាវ​, ថៃ​, សិង្ហ​បុរី​, ម៉ាឡេស៊ី​, ហ្វីលីពីន និង​ព្រុយ​ណេ ។ ក្នុងនោះ ក៏​មាន​ប្រទេស យូ​ហ្គោ​ស្លា​វី ( ពេលនោះ ជា​ប្រធាន​ក្រុម​ប្រទេស មិន​ចូល​បក្សសម្ព័ន្ធ ) និង​ប្រទេស ៤ ផ្សេងទៀត គឺ ឥណ្ឌា​, ជប៉ុន​, កាណាដា និង​អូស្ត្រាលី ។​

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​គោលដៅ​សំខាន់ៗ បី​យ៉ាង​គឺ​៖

​ទី​១- រៀបចំ​ឲ្យមាន​សន្តិភាព​ឡើងវិញ នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្ត កិច្ច​ឈប់​បាញ់ និង ការរំសាយ​អាវុធ នៅក្នុង​ជួរ​កងទ័ព នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំងអស់ ព្រមទាំង​ការដក​កងទ័ព​បរទេស (​វៀតណាម​) ចេញពី​កម្ពុជា​។​

​ទី​២- ចាក់គ្រឹះ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​បោះឆ្នោត សភាធម្មនុញ្ញ ។​

​ទី​៣- ការពារ​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ពេញ​សិទ្ធិ​មួយ តាមរយៈ​ការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច​រំលោភ បំពាន​បាន​នូវ​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិរបស់ខ្លួន ៕

Contact us, for Ads Here!
SHARE