Home ចំនេះដឹង សុខភាព ទម្លាប់ធម្មតា​​ ​៨យ៉ាង​អាច​ប្រែ​ជា​គ្រោះថ្នាក់ បើ​អ្នក​ធ្វើ​វា​​ច្រើន​ដង​ពេក

ទម្លាប់ធម្មតា​​ ​៨យ៉ាង​អាច​ប្រែ​ជា​គ្រោះថ្នាក់ បើ​អ្នក​ធ្វើ​វា​​ច្រើន​ដង​ពេក

230
0
ពេញចិត្ត
Contact us, for Ads Here!

ទម្លាប់ធម្មតាៗដែលយើងធ្វើប្រចាំថ្ងៃ អាចជួយអោយអ្នក​មាន​សុខភាព​ល្អ​បាន​គឺ​អាស្រ័យ​លើ​កត្តា​​ច្រើន​យ៉ាង មិន​ថា​​ការ​ញ៉ាំ​អាហារ ការ​សម្រាក ការ​ហាត់​ប្រាណ។ល។ ប៉ុន្តែ​មិន​ថា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ អ្វី​ដែល​សំខាន់​គឺ​តុល្យភាព។ ការ​ធ្វើ​អ្វី​មួយ​ច្រើន​ពេក ឬ​តិច​ពេក គឺ​សុទ្ធ​តែ​ផ្ដល់​ផល​អាក្រក់​ដល់​រាងកាយ​យើង​ទាំង​អស់។ ថ្ងៃ​នេះ ស្ត្រីខ្មែរ នឹង​នាំ​អ្នក​មក​​ដឹង​ពី​សកម្មភាព​សំខាន់​ៗ​​មួយ​ចំនួន​ដែល​អាច​ផ្ដល់​ផល​មិន​ល្អ​​បើ​អ្នក​ធ្វើ​វា​ច្រើន​ពេក៖

១. ការ​ហាត់​ប្រាណ

បើ​ទោះ​បី​ការ​ហាត់​ប្រាណ​គឺ​ជា​គន្លឹះ​សំខាន់​ដែល​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ ប៉ុន្តែ​បើ​អ្នក​ហាត់​ប្រាណ​ច្រើន​ពេក វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​​សន្លាក់ ​ឆ្អឹង និង​សូម្បី​តែ​បេះដូង។ ក្រៅ​ពី​នេះ​មនុស្ស​ស្រី​ដែល​ហាត់​ប្រាណ​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀងទាត់ និង​មាន​រោគ​ពុក​ឆ្អឹង។

២. គេង

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ការ​គេង​លើស​ពី ៨​ម៉ោង​ក្នុង​មួយ​យប់​នឹង​អាច​បង្កើន​​ហានិភ័យ​ក្នុង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​ដល់ ៣៤%។ ក្រៅ​ពី​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ទម្ងន់ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ផ្នែក​ស្មារតី​ទៀត​ផង។ ដូច្នេះ​អ្នក​​ត្រូវ​គ្រប់គ្រង​ចំនួន​ម៉ោង​ក្នុង​ការ​គេង​កុំ​ឲ្យ​ច្រើន​ពេក និង​តិច​ពេក​ដើម្បី​សុខភាព​ល្អ។

៣. សិច

បញ្ហា​សិច​អាច​ជា​រឿង​ធម្មជាតិ​សម្រាប់​អ្នក​ដែល​ឈាន​ចូល​ដល់​វ័យ​បន្ត​ពូជ ប៉ុន្តែ​ការ​ដែល​អ្នក​មាន​សិច​ជាមួយ​ដៃ​គូ​អ្នក​ញឹក​ញាប់​ពេក​​ វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ញៀន និង​ជះ​ឥទ្ធិពល​ដល់​​​​ដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នក​និង​គូ​ស្នេហ៍​ដែរ ជា​ពិសេស​ប្រសិន​បើ​តម្រូវ​ការ​របស់​អ្នក​ទាំង​ពីរ​មិន​ដូច​គ្នា។

៤. លាង​ដៃ

យើង​ប្រហែល​ជា​ធ្លាប់​ឮ​​រហូត​មក​​ថា ការ​លាង​ដៃ​អាច​ជួយ​កម្ចាត់​មេរោគ​បាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា ការ​លាង​ដៃ​ញឹកញាប់​ខ្លាំង​ពេក​អាច​មិន​មែន​ជា​រឿង​ល្អ​ដូច​ដែល​យើង​គិត​ក៏​ថា​បាន ព្រោះ​​មាន​ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា វា​អាច​ធ្វើ​ឲ្យ​ស្បែក​​របស់​យើង​រលាក​ក្រហាយ និង​ធ្វើ​ឲ្យ​កកើត​​មេរោគ​វិញ​បាន។

៥. អាហារ​ល្អ​សម្រាប់​សុខភាព

ការ​ទទួលទាន​អាហារ​ច្រើន​ពេក ទោះ​បី​អាហារ​នោះ​ល្អ​ក៏​ដោយ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឡើង​កូឡេស្តេរ៉ូល ទឹក​នោម​ផ្អែម ​បញ្ហា​ពាក់ព័ន្ធ​ឆ្អឹង និង​សន្លាក់ ប៉ះពាល់​ដល់​ការ​គេង និង​​សូម្បី​តែ​ជំងឺ​ស្ត្រេស។ មិន​ថា​អ្នក​ញ៉ាំ​អាហារ​ប្រភេទ​ណា តែ​បើ​​រាង​កាយ​អ្នក​បាន​ទទួល​កាឡូរី​លើស​ពី​​សមត្ថភាព​រំលាយ​របស់​រាង​កាយ​ហើយ ចុង​ក្រោយ​អ្នក​នឹង​ឡើង​ទម្ងន់​ហួស​កម្រិត ដែល​នឹង​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ជំងឺ​សាហាវ​ៗ​ផ្សេង​ៗ។

៦. ផឹក​ទឹក

ដូច​ដែល​យើង​បាន​ដឹង​​ហើយ​ថា ទឹក​គឺ​ជា​របស់​សំខាន់​ដែល​រាង​កាយ​យើង​មិន​អាច​ខ្វះ​បាន ព្រោះ​វា​មាន​ចំណែក​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការ​គ្រប់​ផ្នែក​នៃ​រាងកាយ។ ប៉ុន្តែ​ការ​ផឹក​ទឹក​ច្រើន​ពេក​​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​ការ​របស់​តម្រង​នោម​​ ដោយ​តម្រងនោម​​នឹង​មិន​អាច​កម្ចាត់​​ធាតុ​រាវ​​ដ៏​លើសលប់​បាន​ទាន់​ពេល ដែល​ធ្វើ​ឲ្យ​ជាតិ​សូដ្យូម​ក្នុង​ឈាម​ធ្លាក់​ចុះ បង្ក​អាការ​ឈឺ​ក្បាល អស់​កម្លាំង វិល​មុខ ក្អួត​ចង្អោរ និង​ករណី​ធ្ងន់ធ្ងរ​បំផុត​គឺ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។

៧. ការ​ញ៉ាំ​វីតាមីន

វីតាមីន​គឺ​ជា​ជីវជាតិ​ចាំបាច់​សម្រាប់​រាងកាយ ប៉ុន្តែ​បើ​អ្នក​ញ៉ាំ​វា​ច្រើន​ពេក វា​ក៏​នឹង​ផ្ដល់​ផល​អាក្រក់​វិញ​ដែរ ដូច​ជា​ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​អ្នក​វិល​មុខ ឬ​ក្អួត​ចង្អោរ, ​វីតាមីន​ច្រើន​ពេក C អាច​ធ្វើ​ឲ្យ​ឈឺ​ពោះ ចុក​ពោះ ក្អួត​ចង្អោរ ខណៈ​ដែល​វីតាមីន​ច្រើន​ពេក​ D អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្សោយ​កម្លាំង និង​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​ថែម​ទៀត។ ដូច្នេះ​អ្នក​គួរ​កំណត់​ការ​ទទួល​ទាន​វីតាមីន​ឲ្យ​បាន​សមរម្យ។

៨. ការងារ

មិន​ថា​អ្នក​មាន​ក្ដី​សុខ​ជាមួយ​ការងារ​រហូត​ភ្លេច​ខ្លួន​ធ្វើ​វា​ដល់​លើស​ម៉ោង ឬ​​ក្លាយ​ជា​បុគ្គល​ដែល​វក់​នឹង​ការងារ នោះ​ក៏​មិន​មែន​ជា​រឿង​ល្អ​ដែរ ព្រោះ​ក្រៅ​ពី​វា​ធ្វើ​ឲ្យ​អ្នក​ស្រ្តេស​ ឬ​សុខភាព​​មិន​សូវ​ល្អ​ហើយ វា​ក៏​ជះ​ឥទ្ធិពល​ដល់​ទំនាក់​ទំនង​រវាង​អ្នក និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ទៀត​ផង ជាពិសេស​អ្នក​នៅ​ក្នុង​គ្រួសារ។ ដូច្នេះ​​ត្រូវ​រក្សា​តុល្យភាព ឬ Balance រវាង​ការងារ និង​ពេល​វេលា​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​អាច​បន្ត​ធ្វើ​ការងារ និង​រស់​នៅ​ដោយ​មាន​ក្ដី​សុខ ៕

Young woman using computer in office
Contact us, for Ads Here!
SOURCEកញ្ញា
SHARE