សមយុទ្ធ​នាគមាស​ vs ពស់វែក​មាស

4126
ពេញចិត្ត
Contact us, for Ads Here!

កម្ពុជា កំពុងរៀបចំ​ទីតាំង​ត្រៀម​ធ្វើ​សមយុទ្ធ​”នាគមាស”​ជាមួយ​ចិន នាខែមីនា ស្របពេលដែល ថៃ-អាមេរិក ចាប់ផ្ដើម​សម​យុទ្ធ​ “ពស់វែក​មាស” ពេល ១១​ថ្ងៃ ចាប់ពី​ថ្ងៃអង្គារ ទី​១២ ដល់​​ ២២ ខែ​កុម្ភៈ។
កងទ័ព​កម្ពុជា​កំពុង​រៀប​ចំ​ទីលាន អាគារ​ស្នាក់​នៅ ប្រព័ន្ធ​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត ដើម្បី​បម្រើ​ឱ្យ​សម​យុទ្ធ​យោធា​នាគ​មាស​ឆ្នាំ ២០១៩ ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​គ្រោង​ធ្វើ​នៅ​ខែមីនា ឆ្នាំ​២០១៩។

អគ្គ​មេបញ្ជាការ​រង​ និង​ជា​នាយក​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ លោក​នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ ថ្លែង​នៅ​ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​សាងសង់​ទីតាំង​ធ្វើ​សម​យុទ្ធ កាលពី​ថ្ងៃ​ទី១១ កុម្ភៈ​ថា សម​យុទ្ធ​នាគ​មាស​លើក​នេះ នឹង​មាន​ទ្រង់​ទ្រាយ​ធំជាង​មុន ដូច្នេះ​លោក​បញ្ជា​ឱ្យ​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ប្រឹង​ប្រែង​តាម​ជំនាញ​ និង​កែ​សម្រួល​ចំណុច​ខ្វះខាត​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​លំហាត់​នាគ​មាស​នេះ ទទួល​បាន​ជោគជ័យ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្ពុជា បាន​ធ្វើ​​សម​យុទ្ធ​យោធា​ជាមួយ​ប្រទេស​ចិន​​ជា​បន្ត​បន្ទាប់ ហើយ​ក្រុង​ប៉េកាំង​ក៏​បាន​ផ្ដល់​ជំនួយ​ច្រើន​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា​ផង​ដែរ។ ជាក់​ស្ដែង​កាល​ពី​ពាក់​កណ្ដាល​​​ឆ្នាំ ២០១៨ កន្លងទៅ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹកប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក​ ដល់​វិស័យ​យោធា​កម្ពុជា។

សូម​រំលឹក​ថា កាលពីខែ​មីនា ឆ្នាំ​២០១៨ ​កងទ័ព​កម្ពុជា-ចិន បាន​ធ្វើសម​យុទ្ធ​នាគមាស នៅ​ភូមិសាស្រ្ត​តំបន់​ភ្នំ​ធំម្រះព្រៅ ភូមិ​ថ្លុក​ដូនស ឃុំ​ក្រាំង​អំពិល ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។ សមយុទ្ធ​នេះ ផ្តោត​ទៅលើ​ការ​ប្រឆាំង​ភេរវកម្ម ​សង្គ្រោះ​បន្ទាន់ ​លំហាត់​បាញ់​គ្រាប់​ពិត​ និង​ប្រើប្រាស់​សព្វាវុធ​ទំនើប​ៗ​ដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​ចូល​គោលដៅ​ដែល​បាន​កំណត់ ​និង​រថ​ពាស​ដែក​​ផង​ដែរ។

ស្របពេលដែលយោធា​ថៃ និង យោធា​សហរដ្ឋអាមេរិក នឹងកំពុង​ចាប់ផ្ដើម​ធ្វើ​លំហាត់​សម​យុទ្ធ “ពស់​វែក​មាស” ឆ្នាំ​២០១៩​ នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​រឹត​ចំណងមិត្តភាព​រវាង​យោធា​ប្រទេស​ទាំងពីរ។ សមយុទ្ធ​នេះ មាន​រយៈពេល ១១​ថ្ងៃ ចាប់ពី​ថ្ងៃអង្គារ ទី​១២ ដល់​​ ២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រទេស​ថៃ។

សមយុទ្ធ​ពស់​វែក​មាស​លើក​នេះ ត្រូវ​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ដោយ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​យោធា​ ការ​ជួយ​សង្គ្រោះ ជាដើម។ ភាគី​អាមេរិក បាន​បញ្ជូន​រថក្រោះ នាវា និង​យន្តហោះ​ចម្បាំង ដើម្បី​ចូលរួម​ក្នុង​សម​យុទ្ធ​ឆ្នាំ​២០១៩​នេះ​ផង​ដែរ​។

រថក្រោះ M1A1 ចំនួន ៧​គ្រឿង ដែល​អាមេរិក​ប្រើប្រាស់​នៅ​សមរភូមិមជ្ឈិមបូព៌ា ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ ដែល​គ្រោង​ធ្វើឡើង​នៅ​ខេត្ត​សុខោទ័យ។ ចំពោះ នាវា អាមេរិក​បាន​បញ្ជូន​ប្រភេទ USS John C Stennis, USS Green Bay និង USS Essex ស្រប​ពេល​ដែល យន្តហោះ​ចម្បាំង F35B នឹង​ត្រូវ​បើក​នៅ​លើ​ដែន​អាកាស​របស់​ថៃ អំឡុង​សមយុទ្ធ​ពស់​វែក​មាស​។
សូម​ជម្រាប​ថា សមយុទ្ធ​ពស់វែក​មាស ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ ដោយ​យោធា​ថៃ និង​អាមេរិក បន្ទាប់ពី​ផ្ដួចផ្ដើម​កាល​ពី​ឆ្នាំ​១៩៨២​៕

Contact us, for Ads Here!
Loading...